១៥-១៧​ វិច្ឆិកា​ ADMM-Retreat ​សៀមរាប​
០៧ វិច្ឆិកា ២០១២  សុវណ្ណ

ឯ.ឧ ឧត្តមសេនីយ៍ឯក​ ណឹម សុវត្ថិ​ អគ្គនាយក​ អគ្គនាយកដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស ​នឹង​ជា​នាយក​ខុទ្ទកាល័យ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បាន​​មាន​​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ក្នុង​កំឡុង​ពេល​ធ្វើ​សន្និសិទសារ​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​ ADMM-Retreat​ នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ​កាល​ពីថ្ងៃទី​ ០៥ ខែវិច្ឆិកា ​ឆ្នាំ២០១២​ ថា​​កិច្ច​​ប្រជុំ​​រដ្ឋមន្ត្រី​​ការពារ​​ជាតិ​​អាស៊ាន​ក្រៅ​ផ្លូវការ​ ADMM-Retreat​ នឹង​ប្រព្រឹត្តិ​ទៅ​តាម​កម្មវិធី​គ្រោង​ទុក​ ពីថ្ងៃទី​ ១៥ ដល់ថ្ងៃទី​ ១៧ វិច្ឆិកា ​ឆ្នាំ២០១២​ នៅ​ខេត្ត​សៀមរាប​។​


លោក​​ឧត្តមសេនីយ៍ឯក​​ ណឹ​ម សុវត្ថិ​ ​បាន​​មាន​​ប្រសាសន៍​​បន្ត​ថា​​ ដំណើរ​ការ​កិច្ចប្រជុំ​​ ADMM-Retreat នេះ ​​ នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ត​សៀមរាប ​ហើយ​ក្រសួងការពារជាតិ​កម្ពុ​ជា ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នោះ ហើយ​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​កិច្ចប្រជុំ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​៦ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០​ ខែឧសភា ​ឆ្នាំ​២០១២​ កន្លងទៅ​នៅ​វិមាន​សន្តិភាព។ លោក ​បន្តថា កិច្ចប្រជុំ​នេះ នឹងមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​អាស៊ាន​ ទាំងអស់ ព្រមទាំង​អគ្គលេខា ឬ​អគ្គលេខា​ធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាស៊ាន។


            លោក​ឧត្តមសេនីយ៍ឯក ​ណឹ​ម សុវត្ថិ បាន​មាន​ប្រសា​ស​ន៍​ទៀតថា នៅក្នុង​កិច្ចប្រជុំ ADMM-Retreat នឹង ​មាន​របៀបវារៈ​មួយចំនួន​ នឹង​ត្រូវ​លើកយក​មក​ពិភាក្សា។ ក្នុង​នោះ​រួមមាន ការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ​របស់​ប្រទេស​នីមួយ​ក្នុង​តំបន់ និង​ការ​បង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​ស្ដីពី​តំបន់​អាស៊ាន​ គ្មាន​ឲ្យ​សង្គ្រាមស៊ីវិល។ ព្រមទាំង​បទ​បង្ហាញ​របស់​ប្រទេស​ប្រ៊ុយណេ​ ស្តីពី​ការរៀបចំ​សមយុទ្ធ​លើកដំបូង​ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ ការពារជាតិ​អាស៊ាន​បូក ( AMM-Plus ) ស្តីអំពី ​ប្រតិបត្តិការ​មនុស្សធម៌ និង​សង្គ្រោះ​មហន្តរាយ​រួម​នឹង​វេជ្ជសាស្ត្រ​យោធា​។ លោក​បញ្ជាក់ថា នៅក្នុង​ឱកាស​នោះដែរ កម្ពុជា​នឹង​ប្រគល់​ផ្ទេរ​តួនាទី​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ ការពារជាតិ​អាស៊ាន (AMM)​ទៅ​ក្រសួងការពារជាតិ ប្រទេស​ប្រ៊ុយណេ​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​សម្រាប់​ឆ្នាំ​២០១៣។


            លោក ​ឧត្តមសេនីយ៍ឯក ​ណឹ​ម សុវត្ថិ បាន​បញ្ជាក់​ទៀត​ថា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្រៅផ្លូវការ​នោះ ក៏​នឹង​មាន​ការ​លើកឡើង​ពី​ទស្សនវិស័យ​ការពារ​ជាតិ និង​សន្តិសុខ ដែល​រដ្ឋមន្ត្រី​ការពារជាតិ នៃ​បណ្តា​ប្រទេស​នីមួយៗ ដែល​ត្រូវ​លើកឡើង​ពី​ស​ភាព​ការ​ណ៍​ផ្សេងៗ​របស់​ប្រទេស​នីមួយៗ​ក៏ដូចជា​ ទាក់ទង​បញ្ហា​តំបន់​ ហើយ​បញ្ហា​សមុទ្រ ដែល​រួម​ទាំង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក៏​អាច​ត្រូវ​បាន​លើក​យក​មក​ ពិភាក្សា​ផង​ដែរ ប៉ុន្តែ​មិន​ស្ថិត​នៅក្នុង​របៀបវារៈ​ពិសេស​នោះទេ។


            ឯ.ឧ ​ណឹម សុវត្ថិ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា៖ ​ឯកឧត្តម​ Leon Panetta​ រដ្ឋមន្ត្រី​ការពារជាតិ​ សហរដ្ឋ​អាមេរិក​ នឹង​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នា​ថ្ងៃទី ​១៦ វិច្ឆិកា​ ឆ្នាំ២០១២​ នៅ​ខេត្ត​សៀមរាប​ ព្រះរាជាណាចក្រ​កម្ពុជា​។​


            ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​ឯកឧត្តម​ Leon Panetta​ នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ផ្លូវ​ការ​ ជា​​មួយ​ ឯ.ឧ​ នាយឧត្តមសេនីយ៍ ​ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​ នៅ​​ក្នុង​​ជំនួប​នេះ ​នឹង​ផ្តោត​ជា​សំខាន់​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​ ក្នុង​វិស័យ​ការពារជាតិ​ រវាង​​ក្រសួង​​ការពារ​ជាតិ​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ និង​​នា​​ពេល​​អនាគត​។​


            សកម្មភាព​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការពារជាតិ​កម្ពុជា​ និង​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​ ដែល​អាច​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា ​រួម​មាន​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​កសាង​ធនធាន​មនុស្ស ​កិច្ច​សហប្រតិបត្តិការ​ក្នុង​សកម្មភាព​ស្រាវជ្រាវ​ រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​ និង​កិច្ចសហប្រតិបត្តិការ​ ក្នុង​វិស័យ​ជា​ច្រើន​ទៀត​។​


            បន្ទាប់​មក​ ឯកឧត្តម​ Leon Panetta​ នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ ក្នុង​ខេត្ត​សៀមរាប​ក៏​ដូច​ជា​ជួប​ពិភាក្សា​ការងារ​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​ដ៏ទៃ​ទៀត​តាម​ការ​ជាក់​ស្តែង​៕​

 

Russian Blvd. Corner Street 175, Khan 7 Makara, Phnom Penh, Cambodia. Tel/Fax : +855 23 883274


©2011 Ministry of National Defense. All Rights Reserved.