ឯ.ឧ ​ម៉ឹង សំផន ​ជូន​តំណើរ​កង​កំលាំង​រក្សាសន្តិភាព​ទៅ​លីបង់​
០៧ វិច្ឆិកា ២០១២  សុវណ្ណ

        ក្នុង​ឱកាស​ចូល​រួម​អបអរ​ ខួប​អនុស្សាវរីយ៍​លើក​ទី៥៩ ​ទិវា​កំណើត​ខ.ភ.ម​ ៩ វិច្ឆិកា​ នៅ​ព្រឹក​ថ្ងៃទី​ ០៦​ ខែវិច្ឆិកា ​ឯ.ឧ​ នាយឧត្តមសេនីយ៍​ ម៉ឹង សំផន​ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ បាន​ជួប​សំណេះ​សំណាល​ជា​មួយ​នឹង​កង​កំលាំង​រក្សាសន្តិភាព​នៃ​ខ.ភ.ម​ ចំនួន​២០រូប​ ក្នុង​កងលេខ​៦១២​ ដែល​ត្រៀម​ចេញ​តំណើរ​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ ​អង្គការ​សហប្រជាជាតិ​ នៅ​ប្រទេស​លីបង់​ ដើម្បី​ប្តូរ​វេន​កងលេខ​៦០៣​ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ ហើយ​នឹង​ធ្វើ​មាតុភូមិ​និវត្ត​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ នៅ​ចុង​ឆ្នំា​២០១២​នេះ។​


            ឯ.ឧ​ ឧត្តមសេនីយ៍​ឯក​ សែម សុវណ្ណនី​ អគ្គនាយក​ មជ្ឈមណ្ឌលជាតិ​ គ្រប់គ្រង​កង​រក្សា​សន្តិភាព​បាន​​ឲ្យ​ដឹង​ថា៖ ​កង​លេខ​៦១២ ​ជា​កង​លើក​ទី៣ ​ដែល​ត្រូវ​ចេញ​បេសកកម្ម​ទៅ​ប្តូរ​វេន​កង​លេខ​៦០៣​ ដែល​មាន​កំលាំង​សរុប​ចំនួន​ ២១៨នាក់​ ឯកឧត្តម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖​ នាយ​ទាហាន​ចំនួន​២០នាក់​ ដែល​តូ្រ​វ​ចេញ​តំណើរ​ទៅ​មុន​នេះ ​ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយ​ទាហាន​មាន​ប្រតិបត្តិការ​១​រូប​ រួម​នឹង​នាយ​ទាហាន​ជំនាញ​ជា​ច្រើន​រូប​ទៀត​ ដូច​ជា​ផ្នែក​ជំនាញ​បោស​សំអាត​មីន វិទ្យុទាក់ទង​ បច្ចេកទេស​ អគ្គីសនី​ ចុងភៅ​ បុគ្គលិក​ ផ្នែក​ចំរោះ​ទឹក​ស្អាត ​ផ្នែក​ដឹក​ជញ្ជូន​ ជាង​ជួសជុល​ កំទេច​គ្រឿង​ផ្ទុះ ​និង​បុគ្គលិក​ពេទ្យ​។​


                មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​កង​កំលាំង​រក្សាសន្តិភាព​នៃ​ខ..ម​ ត្រៀម​លក្ខណៈ​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​លីបង់​នា​ឱកាស​នោះ ​ឯ.ឧ ម៉ឹង សំផន​ ក្នុង​នាម​ឲ្យ​រាជរដ្ឋាភិបាល​ ក្រសួង​ការពារជាតិ​ក៏​ដូច​ជា​គណៈកម្មការ​ជាតិ​រៀបចំ​បញ្ចូន​កំលាំង​ បាន​ធ្វើ​ការ​កោត​សរសើ ​និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ស្នាដៃ ​ដែល​កង​កំលាំង​រក្សា​សន្តិភាព​ខ.ភ.ម​ សំរេច​បាន​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅ​បរទេស​នា​បណ្តា​ឆ្នាំ​កន្លង​មក​។​ ឯ.ឧ ម៉ឹង សំផន​ បាន​បញ្ជាក់​ថា៖​ ក្រោយ​ថ្ងៃ​រំដោះ ​៧ ​មករា​ ប្រទេស​ជាតិ​យើង​បាន​ចាប់​ផ្តើម​កសាង​តាំង​ពី​បាន​ដៃ​ទទេរ​ ហើយ​កំលាំង​របស់​យើង​បាន​ ចេញ​ទៅ​បំពេញ​ភារកិច្ច​ទទួល​បាន​នូវ​ស្នាដៃ​ដ៏​ធំ​ធេង​បែប​នេះ​ គឺ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​របស់​នាយ​ទាហាន​គ្រប់​លំដាប់​ថ្នាក់​ ដែល​បាន​ខិត​ខំ​អនុវត្ត​ភារកិច្ច​ សំរេច​បាន​លទ្ធផល​ ស្រប​តាម​ប្រសាសន៍​ ផ្តាំ​ផ្ញើរ​របស់​សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី​ ដែល​បាន​តែង​តែ​គិត​គូរ​ជានិច្ច​ចំពោះ​ខ.ភ.ម​ ដែល​កំពង់​បំពេញ​ភារកិច្ច​ ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​។​ ឯ.ឧ​បាន​សង្កត់​ធ្ងន់​ថា៖​ ប្រសិន​បើ​កង​កំលាំង​រក្សាសន្តិភាព​ របស់​កម្ពុជា​យើង​ពុំមាន​សមត្ថភាព​ ហើយ​ប្រសិន​បើ​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ធ្វើ​ការ​មិន​កើត​ កំលាំង​របស់​យើង​ ប្រហែល​ជា​ត្រូវ​បាន​ផ្អាក​ការ​ចេញ​ទៅ​បំពេញ​បេសកកម្ម​អន្តរជាតិ​ បែប​នេះ​បាត់​ទៅ​ហើយ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ​។​ ជា​ចុង​ក្រោយ​ ឯ.ឧ​ ម៉ឹង សំផន​ បាន​ផ្តាំ​ផ្ញើរ​ដល់​កង​កំលាំង​រក្សាសន្តិភាព​ ទាំង​អស់​ត្រូវ​បន្ត​អនុវត្ត​ និង​គោរព​ឲ្យ​បាន​ខ្ចាប់​ខ្ចួន​ នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ររបស់​ សម្តេចតេជោ ​ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ត្រូវ​អនុវត្ត​ភារកិច្ច​ឲ្យ​សំរេច​បាន​នូវ​លទ្ធផល​ល្អ​ដូច​នាយ​ទាហាន​បណ្តា​កងមុន​ៗ​ ដើម្បី​រួម​ចំណែក​​លើក​ស្ទួល​ នូវ​កិត្យានុភាព​​របស់​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ភាព​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​។​


            ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ក៏​បាន​ប្រគល់​ថវិការ​ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ​ហ៊ុន សែន​ ជូន​ដល់​កំលាំង​រក្សាសន្តិភាព​ទាំង២០​នាក់​ផង​ដែរ​៕​

 

Russian Blvd. Corner Street 175, Khan 7 Makara, Phnom Penh, Cambodia. Tel/Fax : +855 23 883274


©2011 Ministry of National Defense. All Rights Reserved.