ឯ.ឧ នាង ផាតជួបទូតថៃ
៣០ តុលា ២០១២  សុវណ្ណ

            កន្លង​ទៅ​ថ្មីៗ​នេះ ​ឯ.ឧ ​នាយឧត្តមសេនីយ៍​ នាង ផាត​ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ បាន​អនុញ្ញាតិ​ឲ្យ​ ឯ.ឧ​ សំពូង សាងញ៉ាប៊ូន​ ឯកអគ្គរាជ​ទូត​ថៃ ​ប្រចាំ​នៅ​កម្ពុជា​ ចប់​អាណតិ្ត​ចូល​ជួប​ជំរាប​លា​ ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​


            នៅ​ក្នុង​ជំនួប​សន្ទនា​ នា​ឱកាស​នោះ​ ឯ.ឧ​ ឯកអគ្គរាជទូត​ថៃ​ចប់​អាណត្តិ​បាន​ថ្លែង​អំណរ​គុណ​ដល់​ ក្រសួង​ការពារជាតិ​កម្ពុជា​ដែល​បាន​រួម​ចំណែក​ ធ្វើ​ឲ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​​នៅ​​កម្ពុជា​ សំរេច​បាន​ជោគ​ជ័យ​។​​ ឯ.ឧ​ ឯកអគ្គរាជទូត​ បាន​សំដែង​នូវ​សេចក្តី​សង្ឃឹម​ថា៖​ ឯកអគ្គរាជទូត​ថៃ​ថ្មី​ដែល​ត្រូវ​បន្ត​តំណែង​ពី​ឯកឧត្តម​ និង​ទទួល​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​ បន្ថែម​ទៀត​ពី​រាជរដ្ឋាភិបាល​ និង​ក្រសួង​ការពារជាតិ​កម្ពុជា​។​ ឯ.ឧ​ សំពូង សាងញ៉ាប៊ូន​ បាន​សង្កត់​ធ្ងន់​ថា៖​ សន្តិភាព​រវាង​ប្រទេស​ទាំង២​ គឺ​មាន​សារៈ​សំខាន់​សំរាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។​


            មាន​មតិ​ឆ្លើយ​តប​វិញ​នា​ឱកាស​នោះ ​ក្នុង​នាម​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ឯកឧត្តម​ នាង​ ផាត ​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​ របស់ ​ឯ.ឧ ​សំពូង​ សាងញ៉ាប៊ូន​ ដែល​ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​ បាន​នាំ​មក​ទំនាក់​ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ យ៉ាង​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង២​ និង​កងទ័ព​ទាំង២​។​ ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា៖​ ក្រសួង​ការពារជាតិ​ត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ឯកអគ្គរាជ​ទូត​ថៃ​ថ្មី​ប្រចាំ​នៅ​កម្ពុជា​៕​

Russian Blvd. Corner Street 175, Khan 7 Makara, Phnom Penh, Cambodia. Tel/Fax : +855 23 883274


©2011 Ministry of National Defense. All Rights Reserved.