ឯ.ឧ​ ទៀ បាញ់​ ជួប​ទូត​ប្រ៊ុយណេ​
០៨ តុលា ២០១២  សុវណ្ណ

           កាល​ពី​ថ្ងៃទី ​០៣​ ខែតុលា ​កន្លង​ទៅ​នេះ ​ឯ.ឧ​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បាន​ទទួល​ជួប​ស្វាគមន៍​ ឯ.ឧ​ សៃ ហាជី ​ហ្វាឌីឡស ​ប៊ីន សៃហាជី​ អាមេត​ ឯកអគ្គរាជ​ទូត​ប្រ៊ុយណេ​តែង​តាំង​ថ្មី​ប្រចំា​នៅ​កម្ពុជា​។​


            នៅ​ក្នុង​ជំនួប​សន្ទនា​នា​ឱកាស​នោះ ​ឯ.ឧ​ ទៀ បាញ់​ បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ ​ឯ.ឧ​ សៃ ហាជី​ ហ្វាឌីឡស​ ដែល​បាន​អញ្ជើញ​មក​បំពេញ​បេសកម្ម​ការទូត​នៅ​កម្ពុជា​ និង​បន្ត​ការ​ងារ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​។ ​ឯ.ឧ ​ទៀ បាញ់ ​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង២​ កម្ពុជា-ប្រ៊ុយណេ ​ក្នុង​នោះថ្នាក់​ដឹក​នាំ​គ្រប់​កំរិត​រវាង​ប្រទេស​ទាំង​២​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និត​។​


            មាន​មតិឆ្លើយ​តប​វិញ​ ឯកឧត្តម​អគ្គរាជទូត​ប្រ៊ុយណេបាន​លើក​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​២ ​កម្ពុជា-ប្រ៊ុយណេ ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង២​ដែល​កន្លង​មក​ សិក្ខា​កាម​យោធា​កម្ពុជា​បាន​មក​ធ្វើការ​សិក្សា​នៅ​ប្រទេស​ប្រ៊ុយណេ ​ហើយ​ឯកឧត្តម​សង្ឃឹម​ថា​ នៅ​ពេល​ខាង​មុខ​ សិក្ខាកាម​យោធា​កម្ពុជា​ និង​បាន​មក​សិក្សា​នៅ​ប្រ៊ុយ​ណេ​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង២​ ឲ្យ​កាន់​តែ​មាន​ការ​រីក​ចំរើន​។​ ឯកឧត្តម​បាន​បន្តថា៖​ ឆ្នាំ​នេះ​ជា​ឆ្នាំ​មាន​សារៈសំខាន់​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ក្នុង​នោះ ​ឯកឧត្តម​ក៏​បាន​ជូន​ពរ​សូម​ឲ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្រៅ​ផ្លូវការ​ នា​ពេល​ខាង​មុខ​។​


            មាន​មតិឆ្លើយ​តប​វិញ​ ឯ.ឧ​ ទៀ បាញ់​ បាន​បញ្ជាក់​ថា៖​ នៅ​ខែ​វិឆ្ឆិកា​ខាង​មុខ​ កម្ពុជា​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្រៅ​ផ្លូវការ​នៅ​ខេត្ត​សៀមរាប​ ហើយ​តាម​រយៈកិច្ច​ប្រជុំ​នេះ​កម្ពុជា​ និង​ធ្វើ​ពិធី​ផ្ទេរ​ប្រគល់​ដល់​ប្រទេស​ប្រ៊ុយណេ​សំរាប់​ ទទួល​តំណើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី៧​ បន្ត​ពី​កម្ពុជា​៕​

Russian Blvd. Corner Street 175, Khan 7 Makara, Phnom Penh, Cambodia. Tel/Fax : +855 23 883274


©2011 Ministry of National Defense. All Rights Reserved.