ឯ.ឧ​ ទៀ បាញ់​ ជួប​ទូត​បារាំង​
០៨ តុលា ២០១២  សុវណ្ណ

        កាល​ពី​រសៀល​ថ្ងៃទី​ ០៣​ ខែតុលា ​ឯ.ឧ ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បាន​អនុញ្ញាតិ​ឲ្យ​ ឯ.ឧ​ គ្រីសស្ទៀន​ កូណាន់​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ចប់​អាណត្តិ​ ចូល​ជួប​សំដែង​ការ​គួរសម​ និង​ជំរាប​លា​ក្នុង​ឱកាស ​ឯកឧត្តម​បាន​បញ្ជាប់​បេសកម្ម​នៅ​កម្ពុជា​។


            នៅ​ក្នុង​ជំនួប​សន្ទនា​នោះ ​ឯ.ឧ ទៀ បាញ់​ បាន​មាន​ប្រសាសន៍​ថា​៖​ កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​២​ បាន​ប្រព្រឹតិ្ត​ទៅ​យ៉ាង​រលូន​ ពិសេស​ការ​បណ្តុះបណ្តាល​ដល់​កងរាជអាវុធហត្ថ​កម្ពុជា​។​ ឯ.ឧ​ ទៀ បាញ់​ បាន​បញ្ជាក់​ទៀត​ថា៖​ បច្ចុប្បន្ន​នេះ​ មជ្ឈមណ្ឌលជាតិ​គ្រប់គ្រង​កំលាំង​រក្សា​សន្តិភាព​នៅ​ឧត្តុង្គ​ បាន​កំពង់​សកម្ម​ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​ក្នុង​នោះ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ក៏​បាន​សំណូពរ​ដល់​បារាំង​ ឲ្យ​បន្ត​ជួយ​ដល់​មជ្ឈមណ្ឌល​នេះ​បន្ត​ទៀត​ ពី​ព្រោះទៅ​ថ្ងៃ​ខា​ងមុខ​ មជ្ឈមណ្ឌលជាតិ​គ្រប់គ្រង​កំលាំង​រក្សាសន្តិភាព​ និង​ពង្រីក​ឲ្យទៅ​ជា​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​។​


            មាន​មតិ​ឆ្លើយ​តបវិញ​ ឯ.ឧ​ គ្រីសស្ទៀន​ កូណាន់ ​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ ​កិច្ច​សហប្រតិបត្តិការ​ រ​វាង​កងទ័ព​ទាំង​២​កម្ពុជា-បារាំង​។​ ឯកឧត្តម​បាន​បន្ត​ថា៖​ កំលាំង​របស់​បារាំង​បាន​កាត់​បន្ថយ​ជាង​១០ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​កំលាំង​បេសកម្ម​សហប្រតិបត្តិការ​បារាំង​លែង​កាត់​បន្ថយ​ទៀត​ហើយ។​ ឯកឧត្តម​បាន​បញ្ជាក់​ទៀតថា៖​ បារាំង​បាន​បញ្ចូន​គ្រូ​បង្រៀន​ភាសា​បារាំង​ មក​ជួយ​បណ្តុះ​បណ្តាល​ដល់​សិក្ខាកាម​កម្ពុជា​ ទន្ទឹម​នឹង​នេះ​ ក៏​បាន​ជួយ​បណ្តុះ​បណ្តាល​គ្រូ​ភាសាបារាំង​ របស់​ខ.ភ.ម​ ថែម​ទៀត​។​ ឯកឧត្តម​បាន​សន្យា​ថា៖​ នឹង​ពាំនាំ​នូវ​សំណើរ​របស់​កម្ពុជា​ ទៅ​កាន់​ប្រទេស​បារាំង​ ដើម្បី​បន្ត​ជួយ​ដល់​ការ​បណ្តុះ​បណ្តាល​ដល់​សិក្ខាកាម​កម្ពុជា​ នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កំលាំង​រក្សា​សន្តិភាព​បន្ត​ទៀត​៕​

Russian Blvd. Corner Street 175, Khan 7 Makara, Phnom Penh, Cambodia. Tel/Fax : +855 23 883274


©2011 Ministry of National Defense. All Rights Reserved.