សន្និសីទ​ស្តី​ពីអភិបាលកិច្ច​ និង​កំណែ​ទំរង់​វិស័យ​សន្តិសុខ​
០៥ តុលា ២០១២  សុវណ្ណ

         សន្និសីទជាតិ​ស្តី​ពី​​អភិបាល​កិច្ច​ និង​កំណែ​ទំរង់​វិស័យ​សន្តិសុខ​ មេរៀន​ដែល​បាន​មក​ពី​ រដ្ឋ​សមា​ជិកអាស៊ាន​ ឆ្ពោះ​ទៅ​កាន់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​ ដែល​បាន​រៀបចំ​ឡើង​ដោយ​ អគ្គនាយក​ដ្ឋាន​នយោបាយ​​ និង​​កិច្ចការ​បរទេស ​និង​វិទ្យាស្ថាន​ ខ្មែរ​សំរាប់​សហប្រតិបត្តិការ​ និង​សន្តិភាព​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤​ តុលា​ នៅ​សណ្ឋាគារ​ កាំបូឌីយ៉ាណា​ ក្រោម​អធិបតី​ ឯ.ឧ​ នាយឧត្តមសេនីយ៍​ ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​


            ជា​កិច្ច​ចាប់​ផ្តើម​នា​ឱកាស​នោះ ​អង្គ​សន្និសីទ​បាន​តាម​ដាន​ស្តាប់​ សន្ទរកថា​ស្វាគមន៍​របស់​ សម្តេច​នរោត្តម​ សិរីវុឌ្ឍន៍​ ព្រះ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ និង​ជា​ព្រះ​ស្ថាបនិក​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ​ និង​សន្តិភាព​ ដោយ​សម្តេច​បាន​ចាត់​ទុក​សន្និសីទ​នេះ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ឆន្ទះ​នយោបាយ​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​ការពារជាតិ​ និយាយ​ដោយ​ឡែក​ និង​រាជរដ្ឋាភិបាល​និយាយ​រួម​ ក្នុង​ការ​ពង្រឹង​កំណែ​ទំរង់​ និង​អភិបាលកិច្ច​ វិស័យ​សន្តិសុខ​បន្ថែម​ទៀត​។​ នេះ​ជា​ជំហ៊ាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​រក​ ការ​ពង្រឹង​សន្តិភាព​ប្រកប​ដោយ​និរន្តរភាព​ និង​ស្ថេរភាព​ សំរាប់​ប្រជាជន​កម្ពុជា​ទាំង​មូល​។​


            ជា​បន្ត​បន្ទាប់​អង្គ​សន្និសីទ​ ក៏​បាន​សន្ទរកថា​ស្វាគមន៍​របស់ ​លោក​ស្រី ​រ៉ាហែល ​បូអ៊ីស​ ប្រធាន​ការិយាល័យ​សហប្រតិបត្តិការ​កម្ពុជា​ និង​ជា​ភ្នាក់​ងារ​ស្វីស​ សំរាប់​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​ ក្រសួង​សហព័ន្ធ​កិច្ចការ​បរទេស​ ប្រទេស​ស្វីស​ និង​សន្ទរកថា​ស្វាគមន៍​របស់​ លោក​សស្ត្រាចារ្យ​ ហេន ន័រ ហែន ជី​ ជំនួយ​ការ​នាយក​ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ហ្ស៊ឺ​ណែវ ​សំរាប់​ត្រួត​ពិនិត្យ​កងកំលាំង​ប្រដាប់​អាវុធ​ (DCAF)​។​ នៅ​ក្នុង​ឱកាស​នោះ​ដែល​ ឯ.ឧ​ ឧត្តមសេនីយ៍ឯក​ ណឹម សុវត្ថិ​ អគ្គនាយក​ អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស​ បាន​មាន​ប្រសាសន៍​បើក​អង្គ​សន្និសីទ​ ដោយ​បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​វាលគ្មិន​ ក្នុង​តំបន់​ដែល​បាន​មក​ចូល​រួម​ ចែក​រំលែក​បទ​ពិសោធ​ និង​ទស្សនៈ​ស្តី​ពី​ការ​កែ​ទំរង់​វិស័យ​សន្តិសុខ​ និង​អភិបាល​កិច្ច​វិស័យ​សន្តិសុខ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​


            នៅ​ក្នុង​សន្ទរកថា​គន្លឹះ​ របស់​ឯ.ឧ​ នាយឧត្តមសេនីយ៍​ ទៀ បាញ់​ ថ្លែង​ក្នុង​សន្និសីទ​ជាតិ​ស្តី​ពី​អភិបាល​កិច្ច​ និង​ការ​កែ​ទំរង់​សន្តិសុខ​ បទ​ពិសោធ​ពី​ប្រទេស​សមាជិក​អាស៊ាន​ និង​តំណើរ​ឆ្ពោះ​ទៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​។​ នា​ពេល​នោះ​ឯកឧត្តម​បាន​បញ្ជាក់​ថា៖​ បញ្ហា​អភិបាល​កិច្ច​ផ្នែក​សន្តិសុខ​ ដែល​រួម​មាន​ការ​កែ​ទំរង់​ផ្នែក​សន្តិសុខ​ ការ​ដក​ហូត​អាវុធ​ ការ​រំសាយទ័ព​ និង​សមាហរណកម្ម​នីតិរដ្ឋ​ និង​យុត្តធិការ​ឆ្លងដែន​ គឺ​ជា​សមាសធាតុ​សំខាន់​ ក្នុង​ការ​កសាង​ និង​រក្សាសន្តិភាព​ក្រោយ​ពេល​បញ្ជាប់​សង្គ្រាម​។​


            ឯ.ឧ​ ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ក៏​បាន​ជំរុញ​ឲ្យ ​ឯកឧត្តម ​អស់លោក ​ព្រម​ទាំង​វាល​គ្មិន​ ចូល​រួម​ក្នុង​អង្គ​សន្និសីទ​ទាំង​អស់​បន្ត​ធ្វើ​ការ​ពិភាក្សា ​ផ្លាស់​ប្តូរ​ទស្សនៈ​ ដក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ប្រមូល​ផ្តុំ​នូវ​ទស្សនៈ​រួម​មួយ​សំរាប់​រួម​ចំនែក​ ជំរុញ​ឲ្យ​តំណើរ​ការ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​ក្រៅ​ផ្លូវការ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ខែវិឆ្ឆិកា​ ខាង​មុខ​ប្រព្រឹត្តិ​ទៅ​សំរេច​បាន​ជោគជ័យ​៕​

Russian Blvd. Corner Street 175, Khan 7 Makara, Phnom Penh, Cambodia. Tel/Fax : +855 23 883274


©2011 Ministry of National Defense. All Rights Reserved.